ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។ ប្រវែងសរុបផ្លូវសរុបនៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ៕
No comments: