នៅពេលដែលប្រទេសថៃនៅមិនទាន់អាចធូរស្បើយពីផលប៉ះពាល់នៃគ្រោះរញ្ជួយដីបានផងនោះ ស្រាប់តែគ្រោះធម្មជាតិថ្មីៗបន្ថែមទៀតកំពុងតែវាយប្រហារមកលើប្រទេសនេះ។ ប្រទេសថៃកំពុងប្រឈមមុខនឹងរលកកម្តៅដ៏ខ្លាំងក្លា និងព្យុះរដូវក្តៅដែលនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងរន្ទះនៅតំបន់មួយចំនួន។ ស្ថានភាពអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ បានធ្វើឱ្យប្រជាជនថៃ និងអាជ្ញាធរត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលអាចកើតមាន។
យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ អាកាសធាតុបែបនេះនឹងចាប់ផ្តើមវាយប្រហារខេត្តចំនួន ៣៤ ចាប់ពីថ្ងៃទី១ ខែមេសា តទៅ។ មិនត្រឹមតែព្យុះប៉ុណ្ណោះទេ នាយកដ្ឋានឧតុនិយមក៏បានព្រមានអំពីរលកកម្តៅផងដែរ ដោយសីតុណ្ហភាពនៅតំបន់ខ្លះអាចឡើងដល់ជាង ៤០ អង្សាសេ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមាន តំបន់ភាគខាងជើង តំបន់កណ្តាល និងរាជធានីបាងកក ដែលជាមជ្ឈមណ្ឌលដ៏សំខាន់របស់ប្រទេស។
ហេតុផលនៅពីក្រោយអាកាសធាតុដ៏ចម្លែកនេះ គឺបណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់កម្រិតមធ្យម ដែលបានជះឥទ្ធិពលពីប្រទេសចិន។ ប្រព័ន្ធនេះបានសាយភាយចុះមកគ្របដណ្តប់តំបន់ភាគឦសាននៃប្រទេសថៃ និងសមុទ្រចិនខាងត្បូង ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុខ្លាំងបែបនេះ។ ការលាយឡំគ្នារវាងខ្យល់ត្រជាក់ និងអាកាសធាតុក្តៅខ្លាំងនៅតំបន់ផ្សេងទៀត បានបង្កើតជាព្យុះដ៏មានឥទ្ធិពល និងរលកកម្តៅដែលគំរាមកំហែងដល់ជីវភាពប្រជាជន។
ស្ថានភាពនេះបានជំរុញឱ្យអាជ្ញាធរថៃត្រូវចាត់វិធានការបន្ទាន់ ដើម្បីការពារប្រជាជន និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមាន។ ប្រជាជនត្រូវបានណែនាំឱ្យត្រៀមខ្លួនសម្រាប់ទាំងកម្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដោយរក្សាទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងជៀសវាងការធ្វើដំណើរនៅពេលមានអាកាសធាតុមិនល្អ។ ជាពិសេស ការប្រុងប្រយ័ត្នចំពោះរន្ទះ និងខ្យល់កន្ត្រាក់ គឺជារឿងចាំបាច់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។
ប្រភព៖ Khaosod