នៅមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានហេតុការណ៍មួយបានកើតឡើងនៅស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ ក្រុមក្មេងទំនើងចំនួន ១១ នាក់ ដែលបានប្រមូលផ្តុំគ្នាបង្ហោះម៉ូតូបង្កការរំខានតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាណន់ស្ទាក់ឃាត់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំផ្ទាល់របស់ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ និងស្របតាមយោបល់ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលបានចុះប្រតិបត្តិការស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន ១១ នាក់ និងម៉ូតូចំនួន ៥ គ្រឿង ដែលជាមធ្យោបាយប្រព្រឹត្តអំពើរំខានសណ្តាប់ធ្នាប់សាធារណៈ។
បន្ទាប់ពីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាណន់ សមត្ថកិច្ចបានសម្រេច៖
- ដកហូតម៉ូតូ ទាំង ៥ គ្រឿង និងរក្សាទុកជាបណ្តោះអាសន្នរយៈពេល ៣ ខែ។
- កែសម្រួលសក់ ក្មេងទំនើងទាំង ១១ នាក់ ដើម្បីជាការដាស់តឿន។
- ឱ្យធ្វើអនាម័យ នៅអធិការដ្ឋាន ជាផ្នែកនៃវិធានការអប់រំ។
- ហៅអាណាព្យាបាល ឱ្យមកធ្វើលិខិតធានា និងចុះកិច្ចសន្យាអប់រំណែនាំកូនចៅរបស់ខ្លួន ដើម្បីបញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងបញ្ជូនពួកគេត្រឡប់ទៅអប់រំបន្តនៅផ្ទះ។